មិនអានជាមួយកូន អាចជារណ្តៅដែលឪពុកម្តាយអាណាព្យាបាលកំពុងជីកកប់កូនដោយអចេតនា

“​ពេលខ្លះ យើងរវល់តែស្វែងរកកំណប់ តែបែជាជីកផ្នូរកប់កូនខ្លួនឯងទៅវិញ ដូចជាការឱ្យកូនមើលទូរសព្ទដៃ ទុកកូនចោល មិនមានពេលរៀន ឬអានជាមួយកូនតូចរបស់ខ្លួន។ ការមិនអានជាមួយកូន អាចជារណ្តៅដែលឪពុកម្តាយអាណាព្យាបាលកំពុងជីកកប់កូនដោយអចេតនា។”  នេះបើតាមប្រសាសន៍របស់អ្នកស្រី យីម សុធារី អ្នកជំនាញចិត្តសាស្រ្តមួយរូប ដែលបានថ្លែងក្នុងសិក្ខាសាលាតាមរយៈប្រព័ន្ធឌីជីថល ក្រោមប្រធានបទ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្ដាយ និងកុមារតាមរយៈការអាន កាលពីថ្ងៃទី០១ វិច្ឆិកា កន្លងទៅថ្មីៗនេះ។

ការថ្លែងនេះ ដើម្បីឆ្លើយតបទៅកាន់លោកឪពុកអ្នកម្តាយ អ្នកថែទាំកុមារដែលមិនសូវបានផ្តល់អាទិភាពក្នុងការបង្កើតពេលវេលារៀនជាមួយកូន ដោយហេតុថា ជាប់រវល់ប្រកបរបរការងារ ប្រចាំថ្ងៃ។ អ្នកជំនាញចិត្តសាស្រ្តរូបនេះ ក៏បានលើកឧទាហរណ៍ថា បញ្ហាកូនសន្សំប្រាក់ ដើម្បីទិញម៉ោងឪពុកម្តាយ ដើម្បីទទួលបានភាពកក់ក្តៅ ពេលវេលា និងការយកចិត្តទុកដាក់ គឺពិតជាមានមែន។ ដូច្នេះអ្នកស្រីក្រើនរំលឹកអ្នកមើលថែកុមារត្រូវយកចិត្តទុកដាក់ កុំឱ្យការប្រឹងប្រែងរកប្រាក់ដើម្បីកូន តែបែរជាការជីកកប់កូនក្នុងរណ្តៅទៅវិញ។   

គួររម្លឹកផងដែរថា នៅក្នុងសិក្ខាសាលាតាមប្រព័ន្ធឌីជីថល ដែលមានរយៈពេលប្រមាណជាង២ម៉ោងកន្លះនេះ ក៏មានការចូលរួមផ្ញើសារពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បណ្ឌិតសភាចារ្យហង់ ជួន​ណារ៉ុង ក៏ដូចជាអ្នកជំនាញពីខាងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ មន្រ្តីសង្គមស៊ីវិល ស្ថាប័នឯកជនដែលធ្វើការលើវិស័យអប់រំ ពិសេសគឺលើការអានរបស់កុមារតែម្តង។ ក្រៅអំពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាល ក្នុងនោះគឺក្រសួងអប់រំផ្ទាល់តែម្តង រដ្ឋមន្រ្តីក្រសួងអប់រំបានសង្កត់ធ្ងន់ នៅក្នុងសារជាវីដេអូរបស់ខ្លួនថា ឪពុកម្ដាយ និងអ្នកមើលថែកុមារមានតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រគ្រូបង្រៀន ដើម្បីធានាបាននូវពាក្យស្លោក កុមាររៀន​​​ កុមារចេះ។

សិក្ខាសាលាតាមប្រព័ន្ធឌីជីថលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់យុទ្ធនាការថ្ងៃអាទិត្យ ថ្ងៃអំណាន ដែលរៀបចំដោយនិស្សិតនៃដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការគាំទ្រដល់កម្មវិធីកុមាររៀនកុមារចេះនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយឧបត្ថម្ភពីគម្រោង All Children Reading–Cambodia នៃទីភ្នាក់ងារជំនួយអាមេរិក USAID។ អ្នកគ្រូ  ហ៊ុន ធីតា​ មន្ត្រីបច្ចេកទេសអប់រំ និងបណ្តុះបណ្តាល មានប្រសាសន៍ថា គោលបំណងនៃយុទ្ធនាការថ្ងៃអាទិត្យ ទិវាអំណាន គឺការបង្កើតទម្លាប់ក្នុងការអានរវាងឪពុកម្ដាយ ឬអាណាព្យាបាលជាមួយកុមារ យ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសនៅថ្ងៃអាទិត្យ ឬនៅពេលទំនេរ ជួយដល់កុមារបង្កើតការស្រម៉ៃ និងភាពច្នៃប្រឌិត​ ក៏ដូចជាឱកាសដែលអាណាព្យាបាល អាចជួយពិនិត្យ និងរំឭកមេរៀនដែលកុមារបានរៀនពីសាលាបន្ថែមទៀត ពិសេសការអានជាមួយកុមារ ជួយឱ្យកុមារស្គាល់ពាក្យ និងចេះប្រើប្រាស់ពាក្យបានត្រឹមត្រូវក្នុងសំណេរ ក៏ដូចជាការនិយាយផងដែរ។

ក្រុមនិស្សិតរៀបចំសិក្ខាសាលា

អ្នកស្រីនាង សុវឌ្ឍនា ដែលត្រូវសាធារណជនស្គាល់ថាជា DJ Nana អះអាងដែលថា កូនប្រុសអ្នកស្រីមានការលូតលាស់ខាងបញ្ញាស្មារតីលឿន ហើយពាក្យពេជន៍កាយវិការកូនចេះ តាមរយៈការស្តាប់ការអានសៀវភៅ ពីគ្រួសារ ដែលមានទាំងឪពុកម្តាយ ឬលោកយាយជាដើម។

DJ Nana បញ្ជាក់យ៉ាងដូច្នេះថា៖ “ការអាន ពេលខ្លះកូនតូចរើសទាំងទីកន្លែងអាន និងមនុស្សដែលអានជាមួយ ដូចជាពេលខ្លះម៉ាក់ ឬប៉ា ឬលោកយាយ។ អញ្ជឹងយើងអាចបត់បែនទៅតាមការលូតលាស់របស់កូន។ ការអានជាមួយកូនៗ មិនគួរតឹងតែងខ្លាំងពេកទេ ពេលខ្លះបន្ធូរបន្ថយទៅតាមគាត់ ដើម្បីគាត់មានអារម្មណ៍ល្អ សប្បាយរីករាយជាមួយការអាន ព្រោះការរៀនគួរតែជាអ្វីដែលសប្បាយ គួរឱ្យចង់ធ្វើ”

យ៉ាងណាមិញអ្នកម្តាយរូបនេះ ក៏បញ្ជាក់ផងដែរថា តាំងពីនៅក្នុងផ្ទៃ អ្នកស្រីតែងតែអានឱ្យកូនស្តាប់ ហើយគាត់តែងតែទុកដាក់សៀវភៅនៅក្បែរកន្លែងដែលកូននៅ ដូចជាក្បែកំប៉ុងទឹក ឬជាមួយសម្ភារៈលេងរបស់កូន ដូចជាក្នុងកន្រ្តក់ជាដើម ដើម្បីកូនមានការស៊ាំ និងចងចាំថា សៀវភៅគឺជាចំណែកមួយនៃជីវិតរបស់គាត់។  

ជាការពិតណាស់ ការអប់រំនៅសាលារៀនពិតជាសំខាន់ចំពោះកុមារគ្រប់រូប ប៉ុន្តែ១០០០ថ្ងៃដំបូងនៃជីវិត និងការលូតលាស់របស់កូនតូច ជាការទទួលខុសត្រូវផ្តាច់មុខរបស់ឪពុកម្តាយ ព្រោះកូននៅជាមួយគាត់មុនគេ និងច្រើនជាងគេ។

អ្នកស្រីប៊ុត ច័ន្ទធាវី អនុប្រធានការិយាល័យ នៃនាយកដ្ឋានបឋមសិក្សា ពន្យល់ថា ការអប់រំមិនមែនមានតែនៅសាលា ឬនៅខាងក្រៅនោះទេ។ បើទោះជាមានភារកិច្ច ប៉ុន្តែអ្នកស្រីផ្ទាល់បានចំណាយពេលអានជាមួយកូនៗ ណែនាំកូន ហើយមើលសៀវភៅរូបភាពជាមួយកូនៗ សួរកូន ដើម្បីទស្សទាយមុន ទៅលើសៀវភៅដែលគាត់នឹងអាន។ ទាំងនេះដើម្បីបង្កើនសមត្ថភាពនៃការគិត ស្រមើលស្រម៉ៃរបស់ក្មេង។ ដូច្នេះគាត់សប្បាយចិត្តនឹងការអាន។

ចាប់តាំងពីឆ្នាំ២០១៧ ​​​គម្រោង All Children Reading–Cambodia របស់ទីភ្នាក់ងារជំនួយអាមេរិក USAID  បាន​សហការ​ជាមួយក្រសួងអប់រំយុវជន និងកីឡា និងអង្គការដៃគូផលិត និងបោះពុម្ពសៀវភៅ​ណែនាំគ្រូ សៀវភៅជំនួយសិស្ស​ និងសៀវភៅបង្រៀនភាសាខ្មែរនៅផ្ទះ ថ្នាក់ទី១ និងទី២។ គម្រោងក៏បានផលិត និងបោះពុម្ពសៀវភៅអំណាន​បន្ថែម ចំនួន ១១១ចំណងជើង។ សៀវភៅទាំងនោះក៏មានតាមឌីជីថលផងដែរ ដែលអាចទាញយកតាមរយៈតំណនេះ ៖ http://bit.ly/123komar​។

ទីភ្នាក់ងារជំនួយអាមេរិក USAID​​ បន្តប្តេជ្ញាគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត​ជាមួយ​​ថវិកាចំនួន២៥លានដុល្លារ​ តាមរយៈការអនុវត្តគម្រោង All Children Reading–Cambodia ធានាធ្វើឱ្យប្រសើរឡើងដល់បំណិនអំណានថ្នាក់ដំបូង របស់កុមារ ដែលមាន និងមិនមានពិការភាពសិក្សា នៅសាលាបឋមសិក្សាដែលកំពុង​អនុវត្តកម្មវិធីកុមាររៀនកុមារចេះ​ https://www.facebook.com/123komar

Leave a Reply

Your email address will not be published. Required fields are marked *