ការអាន ពិតណាស់ មានតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ តាមរយៈការផ្ទេរនូវចំណេះដឹងថ្មី មានប្រយោជន៍នៅក្នុងកម្រងសំណេរនីមួយៗ។ ហើយការអានស្របតាមកម្រិតយល់ដឹង និងសមត្ថភាព កាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កុមារក្នុងការទទួលយកនូវបំណិនថ្មី និងជំរុញទឹកចិត្តកុមារឱ្យមានទម្លាប់អានជាប្រចាំ។
អ្នកស្រី ហួត សុជាតា អ្នកតំណាងរបស់ សមាគមអាយប៊ីប៊ីវ៉ាយ កម្ពុជា (International Board on Books for Young People) ដែលជាស្ថាប័នធ្វើការជំរុញឱ្យមានការអានកាន់តែប្រសើរឡើងនោះ បានលើកឡើងថា ការអានគឺជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប ដើម្បីទុកធ្វើជាស្ពានឆ្ពោះទៅរកចំណេះដឹង និងជំនាញចាំបាច់នានា។ ហើយការអាននេះទៀតសោត ក៏មិនត្រូវរង់ចាំរហូតដល់កុមារចូលរៀននោះ។
អ្នកស្រី សុជាតា ពន្យល់បន្ថែមទៀតថា៖ «មនុស្សភាគច្រើនយល់ច្រឡំថា ចាំកូនចូលរៀនថ្នាក់បឋមសិក្សា ចាំរៀនអាន។ តែការធ្វើបែបនេះ កុមារនឹងបាត់បង់ឱកាសច្រើន ព្រោះថាការអភិវឌ្ឍផ្នែកភាសា ធ្វើឡើងតាំងពីកុមារចេះនិយាយម្ល៉េះ។»
បើតាមអ្នកជំនាញដដែលនេះ ការអានគឺជារឿងស្មុគស្មាញ សម្រាប់កុមារ ដែលទើបនឹងចាប់ផ្ដើមរៀនអានជាលើកដំបូង ព្រោះវាទាមទារឱ្យពួកគេគិតច្រើន ក្នុងពេលធ្វើសកម្មភាពអានម្ដងៗ។ ដូច្នេះដើម្បីចៀសវៀង កុំឱ្យកុមារការបាក់ទឹកចិត្ត និងការបោះបង់ចោលការអាន អាណាព្យាបាលចាំបាច់ត្រូវផ្ដល់ឱកាសអានទៅកុមារ ទៅតាមកម្រិតការលូតលាស់របស់ពួកគេ។
សៀវភៅ «តម្រូវការក្នុងការអានរបស់កុមារ» របស់អង្គការស៊ីប៉ា បានបង្ហាញច្បាស់ពីលក្ខណៈវិវឌ្ឍន៍ និងតម្រូវការផ្សេងគ្នារបស់កុមារ ទៅតាមវ័យនីមួយៗ។ ក្នុងនោះ កុមារដែលមានអាយុចន្លោះពី ០ (សូន្យ) ទៅ ៣ឆ្នាំ ជាវ័យដែលគេទើបនឹងរៀនចាប់កាន់របស់ និងពុំទាន់អាចអានបាននៅឡើយ។ ប៉ុន្តែក្នុងវ័យនេះ គឺជាដំណាក់កាលដំបូង ហើយសំខាន់បំផុត ក្នុងការទម្លាប់ឱ្យកុមារចាប់ផ្ដើមស្គាល់សៀវភៅ ដោយអនុញ្ញាតឱ្យគេបង្វិលសៀវភៅ ខាំកកេរ បើកទំព័រ គឺដើម្បីសប្បាយដៃ មិនមែនដើម្បីស្គាល់អត្ថន័យរបស់សៀវភៅឡើយ។
សៀវភៅនេះបានរៀបរាប់ទៀតថា ការទម្លាប់ឱ្យក្មេងទម្លាប់ចាប់កាន់សៀវភៅ មានសារៈសំខាន់ណាស់ ព្រោះទៅថ្ងៃមុខ កាយវិការនេះនឹងក្លាយជារឿងអូតូម៉ាទិច [ស្វ័យប្រវត្តិ]។ នេះគឺជាជំហានដំបូងបំផុតឆ្ពោះទៅរកការអាន ដោយហេតុថា នៅពេលចម្រើនវ័យធំជាងនេះបន្តិច គេនឹងឈានដល់ដំណាក់កាលមួយទៀតគឺការស្គាល់ ពាក្យ សរសេរ ដែលជាការផ្ដុំរវាងព្យញ្ជនៈ និងស្រៈ តំណាងឱ្យរូបពិត។
ប្រភពដដែល ចំពោះកុមារអាយុចន្លោះពី ៣ ទៅ ៦ឆ្នាំវិញ ពួកគេចាប់ផ្ដើមចេះអាន និងយល់នូវអ្វីដែលពួកគេមើល។ ក្នុងវ័យនេះ អាណាព្យាបាលគួរជ្រើសរើសសៀវភៅរឿងសាមញ្ញា ខ្លី (ប្រហែល៥ ទៅ៦ទំព័រ) និងជារឿងដែលធ្វើឱ្យពួកគេចាប់អារម្មណ៍។ រឿងទាំងនោះ អាចជារឿងដែលបណ្ដុះគំនិតឱ្យពួកគេចេះស្រមើស្រមៃ រឿងនិទានបែបប្រជាប្រិយ និងរឿងដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
អ្នកស្រី សុជាតា រៀបរាប់ថា ការអានមិនតម្រូវឱ្យអានតែសៀវភៅនោះទេ ពោលគឺការធ្វើលំហាត់អានអាចធ្វើបាននៅគ្រប់ទីកន្លែងដូចជា ការអានលើខិតប័ណ្ណ ចំណងជើងកាសែត អក្សរលើអាវយឺត ឈ្មោះយីហោហាង ជាដើម។ ហើយដើម្បីឱ្យកុមារមានទម្លាប់អាន អាណាព្យាបាលចាំបាច់ត្រូវធ្វើជាគំរូ និងលើកទឹកចិត្តកុមារ តាមរយៈការបង្កើតឱ្យមានបណ្ណាល័យនៅផ្ទះ ហើយចំណាយពេលអានជាមួយពួកគេ។
អ្នកស្រី សុជាតា បន្ថែមថា៖ «ការរៀនអានជារឿងស្មុគស្មាញ ដូចរៀនជិះកង់ដំបូងអ៊ីចឹង គឺត្រូវដឹងថាពេលណាត្រូវប្រើធាក់ឈ្នាន់ ប្រើដៃចាប់ហ្វ្រាំង ប្រើភ្នែកមើលផ្លូវ ប្រើកម្លាំងទប់លំនឹង ។ល។ កុមាររៀនអានដំបូង ក៏ត្រូវមានរ៉េផ្លិច [បត់បែន]ច្រើនបែបនេះដែរ។ ការអានត្រូវប្រើការគិតច្រើន ព្រោះទីមួយ គឺការ «អានដាច់» និងទីពីរ គឺ«អានយល់ន័យ។» ប៉ុន្តែកុមារដែលចេះអានបានល្អ ច្រើនតែរៀនសូត្រលឿនជាងកុមារដែលមិនមានទម្លាប់អាន។ គេក៏ពូកែត្រិះរិះ ចេះផ្ដល់យោបល់ ពូកែចាំ និងទទួលបទពិសោធន៍ច្រើនក្នុងជីវភាពប្រចាំថ្ងៃ។»
ក្នុងគោលបំណងលើកកម្ពស់ការអាន និងផ្សាភ្ជាប់អំណានរវាងអាណាព្យាបាល និងកុមារ ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតនូវយុទ្ធនាការ «ថ្ងៃអាទិត្យ ថ្ងៃអំណាន» ដើម្បីលើកទឹកចិត្តអាណាព្យាបាលឱ្យងាកមកចំណាយពេលអានសៀវភៅជាមួយកុមារយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្ដាហ៍ជាពិសេសថ្ងៃអាទិត្យ។ យុទ្ធនាការនេះ ក៏ជាផ្នែកមួយជួយគាំទ្រដល់កម្មវិធី «កុមាររៀន កុមារចេះ» របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយឧបត្ថម្ភពីគម្រោង All Children Reading-Cambodia របស់ USAID។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រដល់យុទ្ធនាការ «ថ្ងៃអាទិត្យ ថ្ងៃអំណាន» ដោយលោកបានលើកឡើងថា ការចំណាយពេលអានរវាងអាណាព្យាបាល និងកុមារបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ ដោយពួកគេអាចរៀនសូត្រផ្ទាល់ពីអាណាព្យាបាលបន្ថែមពីអ្វីដែលពួកគេបានរៀននៅសាលា។
រដ្ឋមន្ត្រីរូបនេះបន្តទៀតថា៖ «អំណានគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សា និងស្វែងយល់លើគ្រប់មុខវិជ្ជាជាពិសេសការលើកកម្ពស់ការសិក្សាភាសាខ្មែរ គណិតវិទ្យានៅថ្នាក់ដំបូងនៃបឋមសិក្សា។»
មានទីលំនៅក្នុងរាជធានីភ្នំពេញ អ្នកស្រី កាឡូ សូរីតា អនុប្រធានគម្រោងនៃស្ថាប័នឯកជនមួយ បានប្រាប់ថា អ្នកស្រីតែងអានសៀវភៅជាមួយកូនស្រីដែលមានអាយុជាងពីរឆ្នាំជារៀងរាល់ថ្ងៃ។ តាមរយៈការអានជាប្រចាំ អ្នកស្រីអះអាងថា កូនរបស់អ្នកស្រីមានការវិវឌ្ឍផ្នែកភាសាច្រើន។
អ្នកស្រីសូរីតាបញ្ជាក់ថា៖ «ខ្ញុំតែងចំណាយពេលអានសៀវភៅជាមួយកូនស្រីរបស់ខ្ញុំជារៀងរាល់ថ្ងៃ ជាពិសេសនៅក្រោយពេលគាត់ (កូនស្រី) ភ្ញាក់ពីគេងពេលព្រលឹម មុនពេលគាត់គេងពេលថ្ងៃ និងមុនចូលគេងពេលយប់។ កូនស្រីរបស់ខ្ញុំឆាប់ចេះនិយាយបានច្រើន និងមានការវិវឌ្ឍន៍ផ្នែកភាសាបានល្អ ដោយសារគាត់មានទម្លាប់អានសៀវភៅជាប្រចាំ។ លើសពីនេះ ការអានសៀវភៅក៏ផ្នែកមួយជួយជំរុញឱ្យគាត់ អាចកាត់បន្ថយការចំណាយពេលជាមួយទូរស័ព្ទបានច្រើនផងដែរ។ ហើយខ្ញុំ និងកូនស្រីមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ដោយសារយើងតែងចំណាយពេលធ្វើសកម្មភាពផ្សេងៗ ក្នុងការរស់នៅប្រចាំថ្ងៃជាមួយគ្នា ជាពិសេសគឺការអានសៀវភៅ។»
ម្ដាយរបស់កូនតូចមួយរូបទៀត គឺ អ្នកស្រី ភួង កញ្ញារ៉ា ដែលមានទម្លាប់អានសៀវភៅជាមួយកូនៗរបស់ខ្លួនជាប្រចាំ បានឱ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រីចំណាយពេលយ៉ាងហោចណាស់មួយម៉ោងអានសៀវភៅជាមួយកូនស្រីតូចដែលអាយុពីរឆ្នាំកន្លះ។
អ្នកស្រី ភួង កញ្ញារ៉ា រំឭកថា៖ «កាលមិនទាន់ចេះអានសៀវភៅ កូនស្រីខ្ញុំមានអាកប្បកិរិយាឆេវឆាវ ឆាប់មួម៉ៅ និងមិនសូវចេះស្ដាប់បង្គាប់ប៉ុន្មានទេ។ តែឥឡូវគាត់មានការប្រែប្រួលជាវិជ្ជមានច្រើន ក្នុងនោះ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតគឺគាត់មានភាពចាស់ទុំជាងមុន មិនសូវយំ ហើយថែមទាំងមានទំនាក់ទំនងល្អជាមួយយើងជាឪពុកម្ដាយទៀតផង។» រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុនក៏បានសង្កត់ធ្ងន់ថា ការអានជាមួយកុមារបានផ្ដល់នូវអត្ថប្រយោជន៍ច្រើន ជាពិសេសលោកឪពុកអ្នកម្ដាយ ឬអាណាព្យាបាល អាចជួយពិនិត្យ មិងរំឭកមេរៀន តួអក្សរដែលកុមារបានរៀនពីសាលាបន្ថែមទៀតផងដែរ។ ហើយក្នុងនោះ ឪពុកម្ដាយ និងអាណាព្យាបាលពិតជាមានតួនាទីសំខាន់ណាស់ក្នុងការធានាបាននូវពាក្យស្លោក «កុមាររៀន កុមារចេះ» ផងដែរ៕
អត្ថបទដោយ៖ ង៉ាយ ណៃ និស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ